បង្កើន​ការ​ប្រយុទ្ធ​គ្នា ​នៅ​ភាគ​ខាងកើត ​អ៊ុយ​ក្រែ​ន​ មុន​ការ​ចរចា​សន្តិភាព​វគ្គ​ថ្មី

កងទ័ពអ៊ុយក្រែន គូសបញ្ជាក់កាលពីថ្ងៃទី៦ ឧសភា ថា ការប្រយុទ្ធគ្នាដ៏សាហាវនានា ផ្ទុះឡើងជាថ្មីក្នុងតំបន់ទាំងឡាយ នាភាគខាងកើតប្រទេស មុនការចរចាសន្តិភាពវគ្គថ្មីនៅទីក្រុងមីនស្ក៍ ។

អ្នកនាំពាក្យយោធាអ៊ុយក្រែន លោក អានឌ្រី អីុលីសេនកូ អះអាងថា សភាពការណ៍ក្នុងតំបន់មានជម្លោះ ធ្លាក់ចុះដុនដាប ។ ទាហានអ៊ុយក្រែន៥នាក់ ស្លាប់ក្នុងការប៉ះទង្គិចគ្នាជាមួយពួកបះបោរបំបែកខ្លួន នាថ្ងៃចុងក្រោយនេះ ។
ចំណែកពួកបះបោរវិញ និយាយថា កងទ័ពរដ្ឋាភិបាលបានវាយ ប្រហារលើទីតាំងពួកគេ ដល់ទៅ៦០លើក ។
ការផ្ទុះឡើងវិញនៃអំពើហិង្សា កើតមានខណៈដែលតំណាង របស់អ៊ុយក្រែន រុស្ស៊ី និងអង្គការសន្តិសុខ និងកិច្ចសហប្រតិបត្តិការនៅអឺរ៉ុប OSCE ត្រៀមជួបពិភាក្សាគ្នាក្នុងរដ្ឋធានីបេឡារុស ដើម្បីសាកល្បងធានា ដល់ការអនុវត្តកិច្ចព្រៀងឈប់បាញ់គ្នា និងសាកល្បងបញ្ឈប់អំពើហិង្សា ។
ប្រធានាធិបតីអ៊ុយក្រែន លោក ប៉េត្រូ ប៉ូរ៉ូ ឆេនកូ នៅតែសង្ស័យលើការវាយលុកទ្រង់ទ្រាយធំមួយរបស់ពួកបំបែកខ្លួន នៅភាគខាងកើតប្រទេស ទោះបីជាពួកអ្នកអាជ្ញាកណ្តាលរៀបរាប់កាលពីថ្ងៃទី៦ ឧសភា ពីការរីកចម្រើនក្នុងការអនុវត្ត កិច្ចព្រមព្រៀងឈប់បាញ់គ្នាក្តី ។
ក្នុងកិច្ចប្រជុំក្រុមប្រឹក្សា ការពារជាតិ នៅទីក្រុងគៀវ លោក ប៉ូរ៉ូឆេនកូ យល់ឃើញថា ការគំរាមកំហែងពីការវាយ លុកដោយទ្រង់ទ្រាយធំ មួយរបស់ពួកបះបោរស្និទ្ធរុស្ស៊ី មានការកើនឡើង ។ លោកគូសបញ្ជាក់ថា ពួកបំបែកខ្លួននិយម មានកម្លាំងដល់៤ម៉ឺននាក់ ក្នុងតំបន់ដែលពួកគេត្រួតត្រា ហើយទាហានរុស្ស៊ីដល់ទៅ៥ម៉ឺននាក់ ត្រៀមរួចហើយនៅផ្នែកម្ខាងនៃព្រំដែន ៕

 

3d5fad96-25e8-40cf-aace-ce8e4a0e8685